Toyota Alphard ស៊េរីឆ្នាំ ២០១៧ រចនារូបរាងថ្មីប្លែក

Toyota Alphard ស៊េរីឆ្នាំ ២០១៧ រចនារូបរាងថ្មីប្លែក

Toyota Alphard ស៊េរីឆ្នាំ ២០១៧ រចនារូបរាងថ្មីប្លែក

icon_calendar ១២ មករា ២០១៧ icon_view ៤៧៥២ icon_comment

Toyota Alphard ស៊េរីឆ្នាំ ២០១៧ គឺជារថយន្តថ្មីបំផុតបន្ថែមទៅលើរថយន្តលក្ខណៈគ្រួសារដែលក្រុមហ៊ុន Toyota បានផលិតដើម្បីដាក់លក់នៅក្នុងទីផ្សារជាច្រើនជុំវិញពិភពលោក។ ដូចគ្នាទៅនឹងរថយន្ត Toyota Alphard ម៉ូដែលមុនដែល រថយន្តនេះនឹងមានគ្រឿងតុបតែងលម្អ (Trim) ពីរប្រភេទ គឺប្រភេទ Sportier និង Gold Vellfire ជាមួយនឹងកំណែប្រែ Hybrid ដែលទំនងជានឹងមានវត្តមាននៅលើទីផ្សារផងដែរ។ Toyota Alphard ស៊េរីឆ្នាំ ២០១៧ នេះ គឺជារថយន្តដ៏ល្អបំផុតសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារទ្រង់ទ្រាយធំ។ រថយន្តម៉ូដែលថ្មីនេះ នឹងកាន់តែមានភាពទំនើប ទាន់សម័យ និង មានការកែប្រែឲ្យល្អប្រសើរឡើងស្ទើរគ្រប់ទីកន្លែងទាំងអស់។

 

 

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្ត គម្របខាងមុខមានទម្រង់ខុសគ្នាបន្តិចពីម៉ូដែលមុន និង មានមុខរាងកាចជាងមុន ខណៈដែលរថយន្តនេះ ក៏មានបំពាក់ដោយភ្លើងពិល (Fog Light) ប្រភេទ LED ផងដែរ។ វាគឺជារថយន្តទំហំធំដែលមានច្រើនពណ៌សម្រាប់អតិថិជនជ្រើសរើស។ តួខ្លួនរបស់រថយន្ត ត្រូវបានរចនាឡើងដោយប្រើប្រាស់នូវសម្ភារៈដែលមានទម្ងន់ស្រាល ប៉ុន្តែមានសមត្ថភាពខ្ពស់ជាងមុន និង ការកម្រិតនៃការស៊ីប្រេងឥន្ធនៈតិចជាងមុនទៀតផង។ បើក្រឡេកមើលរូបរាងរបស់រថយន្ត ​ ប្រហែលជាមិនអាចទាក់ចិត្តលោកអ្នកបាននោះទេ ប៉ុន្តែគុណភាព និង ផាសុកភាពដែលរថយន្តនេះផ្តល់ឲ្យ ប្រហែលជាអាចធ្វើឲ្យលោកអ្នកដកចិត្តមិនរួចពីរថយន្តនេះ។

 

 

សម្រាប់ផ្នែកខាងក្នុងវិញ Toyota Alphard ស៊េរីឆ្នាំ ២០១៧ មើលទៅមានសភាពល្អប្រណិត។ កៅអី និង ខ្សែក្រវាត់សុវត្ថិភាព ត្រូវបានផលិតឡើងដោយស្បែក និង ឈើដែលមានគុណភាពខ្ពស់។ កៅអីរបស់រថយន្ត មានបីជួរដែលអាចឲ្យអ្នកដំណើរចំនួន៨នាក់អង្គុយបានប្រកបដោយផាសុកភាព។ រថយន្តនេះ ក៏មានបំពាក់ដោយប្រព័ន្ធបង្ហាញផ្លូវបែបទំនើប, ប្រព័ន្ធសំឡេង (Audio), ប្រព័ន្ធ Bluetooth, ជម្រើសភ្ជាប់ Wifi និង ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិផងដែរ។ មុខងារគ្រប់យ៉ាង ត្រូវបានគ្រប់គ្រងដោយអេក្រង់ប្រភេទ Touchscreen ទំហំ ៩ អ៊ីញ ដែលស្ថិតនៅចំកណ្តាលនៃផ្ទៃតាប្លូ។ Toyota Alphard ស៊េរីឆ្នាំ ២០១៧ នេះ គឺមានភាពល្បីល្បាញគួរសមចំពោះប្រព័ន្ធសុវត្ថិភាព ដែលយើងអាចរំពឹងទុកមានដូចជា ពោងខ្យល់សុវត្ថិភាព, ប្រព័ន្ធហ្រ្វាំងដែលគ្រប់គ្រងដោយអេឡិចត្រូនិច, Sensor ជំនួយការចតដោយស្វ័យប្រវត្តិ, ប្រព័ន្ធចង្អុលបង្ហាញផ្លូវ និង ការភ្ជាប់ទំនាក់ទំនងជាមួយស្មាតហ្វូនជាដើម។

 

 

សម្រាប់ប្រភេទម៉ាស៊ីនវិញ រថយន្តនេះ នឹងមានជម្រើសម៉ាស៊ីនបីប្រភេទដូចជា ម៉ាស៊ីនប្រភេទ 2AR-FE ទំហំ ២,៥ លីត្រ ដែលមានកម្លាំង ១៩០ សេះ ប្រើប្រាស់ប្រអប់លេខអូតូ ៦ វគ្គ, ម៉ាស៊ីនប្រភេទ 2GR-FE ទំហំ ៣,៥ លីត្រ ដែលមានកម្លាំង ២៨០ សេះ ប្រើប្រាស់ប្រអប់លេខអូតូ ៧ វគ្គ និង ជម្រើសម៉ាស៊ីនប្រភេទ Hybrid ទំហំ ២,៥ លីត្រ ដែលបំពាក់មកជាមួយនឹងម៉ូទ័រអគ្គិសនីចំនួនពីរ ដែលបង្កើតបានជាកម្លាំង ២៦០ សេះ។ ដោយសារតែការប្រើប្រាស់សម្ភារៈដែលមានទម្ងន់ស្រាលខ្លាំង និង បច្ចេកវិទ្យាម៉ាស៊ីនល្អប្រសើរជាងមុន វានឹងធ្វើឲ្យរថយន្តនេះមានការស៊ីប្រេងឥន្ធនៈតិចជាងមុន។
Toyota Alphard ស៊េរីឆ្នាំ ២០១៧​ នេះ​​ មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងពីតម្លៃនៅឡើយ ប៉ុន្តែគេអាចប៉ាន់ប្រមាណបានថា រថយន្តនេះនឹងអាចមានតម្លៃប្រហែល ៤៥.០០០ ដុល្លារ (តម្លៃនៅបរទេស)។

 

ប្រែសម្រួល៖ សម្បត្តិ

ប្រភព៖ 2017toyotasienna

ព័ត៌មានដែលទាក់ទង