គុណសម្បត្តិ និង គុណវិបត្តិរបស់រថយន្ត Hybrid

គុណសម្បត្តិ និង គុណវិបត្តិរបស់រថយន្ត Hybrid

គុណសម្បត្តិ និង គុណវិបត្តិរបស់រថយន្ត Hybrid

icon_calendar ០៩ មករា ២០១៧ icon_view ១៧៧៦០ icon_comment

ការសន្សំសំចៃថាមពល និងការថែរក្សាបរិស្ថាន គឺជាគោលដៅធំពីរដែលពិភពលោកកំពុងផ្តោតអារម្មណ៍ទៅលើ នាពេលបច្ចុប្បន្ន។ ដោយហេតុផលនេះ រថយន្ត Hybrid បាននិងកំពុងតែមានការពេញនិយមកាន់តែច្រើនឡើងៗ។ រថយន្ត Hybrid គឺជារថយន្តកូនកាត់ដែលប្រើប្រាស់ទាំងម៉ាស៊ីនឥន្ធនៈ (សាំង, ម៉ាស៊ូត, ហ្គាស...)​ និងអាគុយដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការខ្ជះខ្ជាយថាមពលដែលកើតមាននៅលើរថយន្តធម្មតា។ តើរថយន្ត Hybrid មានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងដូចម្តេចខ្លះ? សូមតាមដានជាមួយ AngkorAuto ដូចខាងក្រោម៖

 

 

 

+ គុណសម្បត្តិនៃរថយន្ត Hybrid


1. កាត់បន្ថយការបំពុលបរិស្ថាន
ហេតុផលចំបងដែលរថយន្ត Hybrid ត្រូវបានផលិតឡើង គឺដើម្បីជួយដោះស្រាយបញ្ហាបំពុលបរិស្ថានដែលធ្វើឡើងដោយរថយន្តប្រើប្រាស់ឥន្ធនៈធម្មតា។ រថយន្តប្រភេទនេះ ប្រើប្រាស់ឥន្ធនៈតិចជាងរថយន្តធម្មតា ខណៈដែលវាអាចដំណើរការដោយថាមពលអគ្គិសនី។ ការបំភាយឧស្ម័នកាបូនិច គឺជាមូលហេតុបណ្តាលឲ្យមានការបំពុលបរិស្ថាន និងការឡើងកម្តៅពិភពលោក ហើយរថយន្ត Hybrid ក៏បានរួមចំនែកកាត់បន្ថយបញ្ហានេះ ដោយវាមានការបំភាយឧស្ម័នកាបូនិច តិចជាងរថយន្តធម្មតារហូតដល់90%។

 

2.កាត់បន្ថយការចំណាយទៅលើឥន្ធនៈ
ផលប្រយោជន៍ធំមួយទៀតរបស់រថយន្ត Hybrid គឺការស៊ីឥន្ធនៈតិចជាងរថយន្តធម្មតារហូតដល់25%។ យើងក៏នឹងចំណាយតិចជាងធម្មតាផងដែរ នៅពេលដែលយើងប្រើប្រាស់ឥន្ធនៈតិច។ ការកាត់បន្ថយការប្រើប្រាស់ ក៏ដូចជាការចំណាយនេះ គឺព្រោះតែថាមពលឥន្ធនៈមួយចំនួនដែលជាធម្មតាត្រូវបានខ្ជះខ្ជាយ ដូចជាការបើកចេញពីចំណតរថយន្ត ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងកត្តាផ្សេងៗទៀត ត្រូវបានជំនួសដោយអាគុយដើរដោយថាមពលអគ្គិសនីវិញ។ លើសពីនេះទៅទៀត រថយន្ត Hybrid ក៏ត្រូវបានផលិតឡើងដោយអាចបើកបរបានចម្ងាយឆ្ងាយ ហើយស៊ីឥន្ធនៈតិចជាងរថយន្តធម្មតា ដែលអាចសន្សំសំចៃថវិកាបានកាន់តែច្រើនផងដែរ។

 

3.ផលចំណេញទៅលើការបង់ពន្ធ
មានរដ្ឋ និងប្រទេសជាច្រើនដែលចង់ឲ្យប្រជាជនប្តូរទៅប្រើរថយន្ត Hybrid។ ការធ្វើដូចនេះ គឺអាចលើកស្ទួយសេដ្ឋកិច្ច និង អាចជួយបានច្រើនទៅលើការថែរក្សាបរិស្ថាន។ ដោយហេតុនេះ ការបង់ពន្ធសម្រាប់រថយន្ត Hybrid មានតម្លៃថោកជាងរថយន្តដែលប្រើប្រាស់ឥន្ធនៈធម្មតា។

 

4.មានសម្លេងស្ងាត់ល្អ
ម៉ាស៊ីនរបស់រថយន្ត Hybrid គឺមានសម្លេងស្ងាត់ទាំងពេលបញ្ឆេះ និងពេលកំពុងបើកបរនៅលើដងផ្លូវផងដែរ។

 


5.ប្រព័ន្ធហ្រ្វាំងដែលអាចបញ្ចូលថាមពលអគ្គិសនីទៅអាគុយបាន
ថាមពលអគ្គិសនីនៅក្នុងអាគុយ នឹងមានការកើនឡើងបន្តិច នៅពេលដែលយើងជាន់ហ្រ្វាំងពេលកំពុងបើកបរ។ ចំណុចនេះ គឺវាអាចចំណេញពេលវេលាក្នុងការឈប់ដើម្បីសាកថ្មក្នុងរយៈពេលយូរ។

 

6.លក់វិញបានថ្លៃ
រថយន្ត Hybrid តែងតែមានតម្លៃថ្លៃ ប៉ុន្តែអាចជួយសន្សំសំចៃបានច្រើននៅពេលប្រើប្រាស់កាន់តែយូរ។ ដូចនេះហើយ រថយន្ត Hybrid គឺជារថយន្តដែលអាចទាក់ទាញខ្លាំងទៅលើអ្នកដែលកំពុងស្វែងរកទិញរថយន្តមួយទឹក ក៏ដូចជាកន្លែងទទួលទិញរថយន្តដើម្បីលក់បន្តផងដែរ។ រថយន្ត Hybrid មានអត្រាតម្លៃលក់ចេញវិញខ្ពស់បំផុតនៅលើទីផ្សារ។

 

+ គុណវិបត្តិនៃរថយន្ត Hybrid


1.មានកម្លាំង (សេះ) ខ្សោយ
រថយន្ត Hybrid ដំណើរការដោយម៉ាស៊ីនឥន្ធនៈ និងអាគុយដើរដោយថាមពលអគ្គិសនី ដែលជាទូទៅកម្លាំង (សេះ) នៃម៉ាស៊ីន និង អាគុយបញ្ចូលគ្នា គឺតែងតែខ្សោយជាងកម្លាំងនៃរថយន្តធម្មតា។ រថយន្តប្រភេទនេះ សាកសមជាមួយនឹងការបើកបរក្នុងទីក្រុង ប៉ុន្តែមិនសាកសមសម្រាប់ការបើកបរក្នុងល្បឿនលឿននោះទេ។

 

2.ពិបាកគ្រប់គ្រងក្នុងលក្ខខណ្ឌអាកាសធាតុអស្ថិរភាព
ដើម្បីជម្រុញឲ្យមានការសន្សំសំចៃឥន្ធនៈបានច្រើន ក្រុមហ៊ុនផលិតរថយន្ត Hybrid ព្យាយាមធ្វើឲ្យរថយន្តមានទម្ងន់ស្រាលតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុនបានប្រើប្រាស់សម្ភារៈដែលមានទម្ងន់ស្រាលដើម្បីផលិតរថយន្ត និងបោះបង់ចោលនូវសម្ភារៈណាដែលមិនចាំបាច់។ ជាលទ្ធផល វាមិនត្រឹមតែអាចស៊ីឥន្ធនៈតិចនោះទេ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកបើកបរពិបាកក្នុងការគ្រប់គ្រងរថយន្តផងដែរ ជាពិសេសគឺនៅពេលដែលមានខ្យល់ខ្លាំង ឬ លក្ខខណ្ឌអាកាសធាតុអស្ថិរភាព។

 

3.តម្លៃថ្លៃជាងរថយន្តធម្មតា
តម្លៃរបស់រថយន្ត Hybrid គឺថ្លៃជាងរថយន្តធម្មតាដែលមានម៉ូដែលដូចគ្នា។ ប្រសិនបើយើងមិនសូវបើកបរផ្លូវឆ្ងាយ ឬ ញឹកញាប់នោះទេ យើងនឹងមិនចំណេញស្មើនឹងចំនួនទឹកប្រាក់ដែលយើងទិញលើសរថយន្តម៉ាស៊ីនធម្មតានោះទេ។

 

4.ការជួសជុលមានតម្លៃថ្លៃ
យើងត្រូវធ្វើការចំណាយខ្ពស់ទៅលើថ្លៃជួសជុល ឬ ផ្លាស់ប្តូរផ្នែកណាមួយនៃរថយន្ត ជាពិសេស គឺអាគុយរបស់រថយន្ត ដែលយើងអាចចំណាយដល់ខ្ទង់ពាន់ដុល្លារ ប៉ុន្តែវាក៏មិនងាយនឹងខូចដែរ។

 

5.គ្រោះថ្នាក់
ដោយសារតែសម្ភារៈរបស់រថយន្ត ត្រូវបានផលិតឡើងពីវត្ថុដែលមានទម្ងន់ស្រាល ប្រព័ន្ធសុវត្ថិភាពរបស់រថយន្តនឹងមានការថមថយ។ ប្រសិនបើរថយន្ត Hybrid មានការប៉ះទង្គិចខ្លាំង សម្ភារៈដែលការពារសុវត្ថិភាពអ្នកដំណើរ និង អ្នកបើកបរអាចនឹងដំណើរការមិនបានល្អ។

 

ប្រែសម្រួល៖ សម្បត្តិ

ប្រភព៖ thenextgalaxy